អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងជួសជុលនិងលើកតម្លៃប្រាសាទបាយក្អែក

ខេត្តសៀមរាប ៖ «គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។

នៅក្នុងតំបន់មុខបរិវេណនៃប្រាសាទអង្គរវត្តនេះ ក៏មានគ្រឹះប្រាសាទបាយក្អែក ទួលបុរាណ ថ្នល់បុរាណ និងស្រះទឹកបុរាណជាច្រើន ដែលជាគោលដៅចម្បងរបស់អាជ្ញាធរជាតិអប្សរាក្នុងការសិក្សាស្រាវជ្រាវបុរាណវិទ្យា ដើម្បីលើកតម្លៃបុរាណដ្ឋាន ហើយស្វែងយល់ឱ្យច្បាស់អំពីសំណល់បុរាណ និងវិសាលភាពមត៌កវប្បធម៌បុរាណ។

ជាក់ស្តែងនៅខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែកដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះ គ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយ ឱ្យមានរូបរាងល្អប្រសើរឡើងវិញ តាមសំណល់សំណង់បុរាណដែលនៅសេសសល់ ដើម្បីទុកជាស្នាដៃសម្រាប់ការគោរពបូជានិងកិច្ចការស្រាវជ្រាវដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាសម្រាប់បម្រើវិស័យទេសចរណ៍ផង។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទបាយក្អែកនិងជាប្រធានគម្រោងជួសជុលបានឱ្យដឹងថា យើងប្រើពលករជំនាញ៦នាក់និងរយៈពេល៥ឬ៦ខែអាចនឹងជួសជុលប្រាសាទនេះរួចរាល់ ព្រោះបានធ្វើកំណាយស្រាវជ្រាវរួចហើយកាលពីឆ្នាំ២០២០។ តាមលទ្ធផលស្រាវជ្រាវ គឺឃើញប្រាសាទមានទំហំ៣ម៉ែត្របួនជ្រុង ឃើញកម្រាលឥដ្ឋ ដែលមានរន្ធសរសរបញ្ឈរទំហំអង្កត់ផ្ចិត២០ សង់ទីម៉ែត្រ ក្បឿង និងនាងច្រាលមួយចំនួន។ ដូច្នេះតាមការសន្និដ្ឋានបឋម គឺប្រាសាទនេះមានរោងទោងឈើ បែរមុខទៅទិសខាងជើងដែលខុសពីប្រាសាទដទៃសំដៅទៅរកអ័ក្សផ្លូវចូលទៅប្រាសាទអង្គរវត្ត។ ចំពោះរូបរាងប្រាសាទទាំងមូល យើងមិនអាចរៀបចំបានពេញលេញទេ ព្រោះគ្មានជញ្ជាំង បានត្រឹមរៀបចំខឿន ស៊ុមទ្វារ ហោរជាងពីលើ ហើយនឹងយកជើងទម្រលិង្គដាក់ក្នុងប្រាសាទឡើងវិញ។

លោក ស្រ៊ុន តិច បន្តថា យោងតាមតាមការតម្កល់ជើងទម្រលិង្គ គឺប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែមិនអាចកំណត់ថាប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ណា មានអាយុកាលប៉ុន្មាន រចនាបថអ្វីឡើយ ដោយសារពុំមានក្បាច់ចម្លាក់អ្វីទាំងអស់អាច កត់សម្គាល់បាន សូម្បីសរសរពេជ្រក៏គ្មានក្បាច់ចម្លាក់សម្គាល់ដែរ។

អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើកតម្លៃដល់បុរាណដ្ឋានជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ មិនមែនតែប្រាសាទគ្រឹះប្រាសាទបាយក្អែកប៉ុណ្ណោះទេ គឺមានបុរាណដ្ឋានដទៃទៀតដូចជា ត្រពាំងសេស ទួលបុរាណ និងផ្លូវបុរាណចេញពីអ័ក្សភ្នំបាខែងក៏ត្រូវបានជួសជុលនិងលើកតម្លៃដែរ ព្រោះវាជាចំណុចសំខាន់ក្នុងការទាក់ទាញទេសចរ ក៏ដូចជាកេរមត៌កដូនតាខ្មែរ និងជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕