អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទចេញសេចក្តីណែនាំពីការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ដល់កងទ័ពក្រោមចំណុះ

ភ្នំពេញ ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

សេចក្តីណែនាំទាំង៤ចំណុចរួមមាន ៖

ទី១៖ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាលជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទី២៖ ផ្សព្វផ្សាយដល់យោធិនចំណុះឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ទី៣៖ ត្រួតពិនិត្យទីតាំងចត្តាឡីស័ក នៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមកសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។

ទី៤៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា៕