វីរុសកូវីដ-១៩​កំពុងតែវ៉ៃលុកយើង​ហើយ​សូម្បីតែកុមារអា​យុ​៦ឆ្នាំក៏វាមិន​លើកលែងឱ្យដែរ

លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ ២០២១ បានលើកឡើងថាវីរុសកូវីដ-១៩​កំពុងតែវ៉ៃលុកយើងហើយ​សូម្បីតែកុមារអាយុ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ។លោកស្រីមានប្រសាសន៍ថាបញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ​តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ​ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ​ បើសូម្បីកូនតូចៗ​ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ​ កុំចេញក្រៅផ្ទះ​ បើមិនចាំបាច់បើចាំបាច់ត្រូវចេញសុំអនុវត្តន៍វិធានការ៣ការពារនិង៣កុំដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី​ឱ្យអនុវត្តន៍ទាំងអស់គ្នា​ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត​ អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត​ អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញអ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ​សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត​ ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់​ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញ​សាមគ្គីគ្នា​ ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ​(សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបើយើងមិនចូលរួម៣ការពារនិង៣កុំទេនោះ)​ទើបយើអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។លោកស្រីថ្លែងថាខ្ញុំសូមផ្ញើជូននូវការជូនពរដល់កុមារាតូចនេះ​ សូមឱ្យកូនបានជាសះស្បើយបានឆាប់ៗនិងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហើយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វាយលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បើយឆាប់ៗ​និងអ្នកដែលមិនទាន់ឆ្លង​ សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ​ មានសុខភាពល្អ​ រួមគ្នាវាយបកសត្រូវមើលមិនឃើញនេះ​ ដោយអាវុធ​ ៣ការពារ​និង​៣កុំ​ ៕