ខណៈនេះ ​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​១២៤​លាន​ ២៨​ម៉ឺន​នាក់ ស្លាប់ជាង២លាន ៧៣ម៉ឺននាក់

បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer ​បាន​បង្ហាញថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​១២៤,២៨៧,២៨០​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​២,៧៣៤,៩៧១​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០០,២៥៤,២៤៨​ករណី។​

​គេហទំព័រ​ដដែល​បង្ហា​ញ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។ ក្នុងនោះ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣០,៥៧៥,៩០៦​នាក់ ស្លាប់​ចំនួន ៥៥៥,៩៤៤​នាក់ និង​ជាសះស្បើយ ២២,៨៤៤,៥៦៤​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ១២,០៥១,៦១៩ នាក់ ស្លាប់​ចំនួន ២៩៥,៦៨៥​នាក់ និង​ជាសះស្បើយ ១០,៥០៧,៩៩៥​នាក់ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ១១,៦៨៦,៣៣០​នាក់ ស្លាប់ ១៦០,២០០​នាក់ និង​ជាសះស្បើយ ១១,១៧៩,០៥៩​នាក់​៕