ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យមើលស្ថានភាពប្រភពទឹកនៅអាងស្តុកទឹកជើងគោ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រភពទឹក នៅអាងស្តុកទឹកជើងគោ របស់មូលដ្ឋានផលិតទឹកស្អាតលោក គៀត លាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ដើម្បីត្រៀមបំរុងទុកសម្រាប់ដោះស្រាយនូវបញ្ហាកង្វះខាតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ខណៈពេលដែលរដូវប្រាំងឆ្នាំនេះ អាចប្រឈមនឹងការខ្វះទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេសឃុំវាលរេញ ស្រុកព្រៃនប់ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានជួបបញ្ហាការបាក់ទំនប់ទឹក កាលពីរដូវវស្សាកន្លងមក ធ្វើឱ្យអាងស្តុកទឹករបស់លោកឆាប់រីងស្ងួត ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជួសជុល និងខួងអណ្តូងបន្ថែមនៅពុំទាន់បានរួចរាល់ ដែលអាចនឹងមានការប្រឈមនឹងកង្វះខាតប្រភពទឹក សម្រាប់បូមមកផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងឃុំវាលរេញ នាពេលខាងមុខ។

ជាការឆ្លើយតប និងដំណោះស្រាយចំពោះមុខ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យ និងសម្របសម្រួលរកប្រភពទឹក ពីក្រុមហ៊ុនផ្សេងទៀត ដើម្បីជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ ជាបណ្ដោះអាសន្ន ដែលមានអ្នកប្រើប្រាស់ទឹកស្អាតសរុបប្រមាណ១៨០០ គ្រួសារ ក៏ដូចជាទុកលទ្ធភាពឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានធ្វើការជួសជុលអាងស្តុកទឹករបស់ខ្លួនឡើងវិញ បានឆាប់រួចរាល់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមគួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាតក្នុងស្រុកព្រៃនប់ ត្រូវបន្តយកចិត្តទុកដាក់ពង្រីកសមត្ថភាពអាងស្តុកទឹក ឱ្យបានកាន់តែច្រើន និងត្រូវជីកអណ្តូងបន្ថែម ដើម្បីត្រៀមទុកសម្រាប់ផលិត និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ បានប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំបន្តបន្ទាប់ទៀត៕