FIFA បន្ថែម​ទណ្ឌកម្ម​លើ​លោក Blatter រហូតដល់​ឆ្នាំ​២០២៨

ពិភពលោក ៖​សហព័ន្ធ​បាល់ទាត់​ពិភពលោក​(FIFA) បានសម្រេច​ដាក់​បម្រាម​ដល់​អតីត​ប្រធាន​ចាស់​លោក Sepp Blatter មិន​ឲ្យ​ប៉ះពាល់​បាល់ទាត់​រហូតដល់​ឆ្នាំ ២០២៨ បន្ទាប់ពី​បាន​បន្ថែម​ពីលើ​ទណ្ឌកម្ម​ចាស់​រយៈពេល៦ឆ្នាំ ៨ខែ​បន្តទៀត​។​

​ចំណែក​អតីត​អគ្គលេខាធិការ FIFA លោក Jerome Valcke វ័យ​៦០​ឆ្នាំ បានទទួល​បំរាម​ស្រដៀង​គ្នា​នេះដែរ​ដោយ​ពួកគេ​ទាំងពីរ​ក៏ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ ៧៨០,០០០​ផោន​ថែម​ទៀតផង​។​

​ការបន្ថែម​បម្រាម​ខាងលើនេះ​មានន័យថា បុរស​វ័យ ៨៥​ឆ្នាំ Blatter ពុំមាន​សិទ្ធិ​ធ្វើ​សកម្មភាព​ទាំងឡាយណា​ទាក់ទង​នឹង​បាល់ទាត់​រហូតដល់​ឆ្នាំ​២០២៨ ដែល​បន្ថែម​ទណ្ឌកម្ម​ចាស់​នឹង​ផុតកំណត់​នៅ​ខែតុលា ឆ្នាំ​២០២១ នេះ​ពីបទ ​«​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ដែល​ពុំ​គិត​ប្រាក់​កំ​រ៉ៃ​មួយ​នេះ​នាពេល​កន្លងមក​»​។ ដោយឡែក​លោក Jerome Valke ត្រូវបាន FIFA ដាក់​បម្រាម​បន្ថែម​រហូតដល់​ខែតុលា ឆ្នាំ​២០២៥៕