សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រ នៃព្រះរាជាណាកច្រកម្ពុជា យាងចូលរួមមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូក្នុងឱកាសខួបលើកទី៧៥នៃអង្គការ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។
នាឱកាសដង្ហែព្រះរាជដំណើររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង នាពេលព្រឹកនេះក៏មានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ។
ក្នុងព្រះរាជដំណើរយាងបំពេញព្រះរាជបេសកកម្មរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺស្តេចយាងតបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ(Audrey Azoulay)អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជម្រាបជូនផងដែរថា អង្គការយូណេស្កូ (United Nations Educational, Scientific and Cultural Organization) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រត្តិបត្តិការពហុភាគី៕