ឯកឧត្តម​រដ្ឋមន្ត្រីវេង​សាខុន​បា​នអញ្ជើញចូលរួម​កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ថាយហ្ស៊ូមដើម្បីពិនិត្យនិងពិភាក្សាលើការងាររៀបចំសេ​ចក្តីព្រាងក្របខណ្ឌគោ​ល​នយោបា​យរដ្ឋាភិ​បាល​ឌីជីថល

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:00 ព្រឹកថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ថាយ ហ្ស៊ូមដើម្បីពិនិត្យនិងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងការរៀបចំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ។
យោងតាមរបាយការណ៍ស្តីពីការសិក្សាអំពីស្ថានភាពរដ្ឋាភិបាលឌីជីថលកម្ពុជា របស់លេខាធិការដ្ឋាននៃក្រុមការងារគោលនយោបាយរដ្ឋាភិបាលឌីជីថល បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានប្រព័ន្ធព័ត៌មានឌីជីថល បីជាសំខាន់ក្នុងនេះរួមមាន៖
1. ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ក្នុងការគ្រប់គ្រងមន្រ្តីរាជការ – បច្ចុប្បន្ននេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននិងកំពុងដំណើរការរួចហើយ ។
2. កម្មវិធីទូរស័ព្ទដៃសម្រាប់ទីផ្សារកសិកម្មកម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម – បច្ចុប្បន្នក្រសួងបាននិងកំពុងដាក់ឲ្យដំណើរការតាមប្រព័ន្ធ App ដែលមានឈ្មោះថា CamAgriMarket និង Angkor Salad ។
3. ប្រព័ន្ធត្រួតពិនិត្យនិងរក្សាទុកទិន្នន័យកសិកម្ម សម្រាប់គ្រប់គ្រងព័ត៌មានផលិតផលកសិកម្ម និងការសម្របសម្រួលតម្លៃ – បច្ចុប្បន្នក្រសួងកំពុងធ្វើការកែលម្អ ។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២០-២០៣៥ ដែលបានគូសបញ្ជាក់បន្ថែមនៅក្នុងសកម្មភាពអាទិភាពជាយុទ្ធសាស្រ្តក្នុងការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលនិងសាធារណៈ ក្នុងវិស័យកសិកម្ម ដែលក្នុងនេះរួមមាន៖
1. រៀបចំថ្នាលទិន្នន័យរូបភាពពីផ្កាយរណប ដូន(Drone) និងឧបករណ៍ផ្សេងៗ ដើម្បីចែករំលែកទិន្នន័យជូន ក្រសួងស្ថាប័ន សម្រាប់ទាញយក វិភាគ និងធ្វើចំណាត់ថ្នាក់ទិន្នន័យ លើវិស័យកសិកម្ម បរិស្ថាន ការប្រើប្រាស់ដីធ្លី សំដៅបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំគោលនយោបាយ និងអនុវត្តសកម្មភាពការងារ។
2. រៀបចំនិងកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានកសិកម្ម ដូចជាវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម បច្ចេកទេសផលិតកម្ម កសិកម្ម ស្ថានភាពដំណាំ អាកាសធាតុ ទីផ្សារ និងព័ត៌មានចាំបាច់ផ្សេងទៀត សំដៅរួមចំណែកជួយបង្កើនទិន្នផល កសិកម្មប្រកបដោយគុណភាពនិងសុវត្ថិភាព ក៏ដូចជាជួយសម្រួលដល់ការវិនិយោគ ការស្វែងរកទីផ្សារ និង ការនាំចេញផលិតផលកសិកម្ម។
សូមបញ្ជាក់ថា៖ក្រៅពីអ្វីដែលជាសកម្មភាពយុទ្ធសាស្រ្តដូចបានបញ្ជាក់ជូននៅក្នុងសេចក្តីព្រាងគោលនយោបាយខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏មានផែនការសកម្មភាពឌីជីថលជាច្រើនទៀតដែលបានកំពុងយកចិត្តទុកដាក់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយជាយុទ្ធសាស្រ្ត និងផែនការមេ ក្នុងការធ្វើទំនើបកម្មកសិកម្ម ២០២១-២០៣០៕