ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ក្នុងខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត បានដឹកនាំរៀបចំប្រារព្ធពិធី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្ថាបនធានាគារ និងអង្គការសង្គមស៊ីវិលជាច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា ដោយចូលរួមធ្វើការចោលសំរាមដាក់ចូលទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ មិនត្រូវចោលសម្រាមពាសវាលពាសកាល ដែលនេះជាចំនុចដែលធ្វើអោយសោភ័ណ្ឌភាពក្នុងក្រុងដូនកែវរបស់យើងមានការថយចុះ និងបាត់បង់នៅការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខេត្តគេផ្សេងៗទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្ត នៅតាមស្ថានប័ណ នីមួយៗ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈឱ្យល្អស្អាតទាំងអស់គ្នា និងត្រូវជួយពន្យល់ ឬណែនាំដល់អ្នកចោលសំរាម ចោលពាសវាលពាសកាលនោះផងដែរ៕