ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​។

ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់មតិណែនាំល្អៗជាច្រើនដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ​ ណែនាំអប់រំឲ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ​ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ​ ដើម្បីឲ្យអណាព្យាបាលធ្វើការណែនាំអប់រំកូនៗឲ្យបានល្អ​ និងគោរពច្បាប់​ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ​ និងពាក្យសម្តីឲ្យបានសមរម្យ​ ហើយមិនត្រូវអនុវត្តលើសពីការណែនាំឡើយ។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ចំនួនអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវធ្វើការណែនាំអប់រំ ធ្វើការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលើសរយៈពេល៣ថ្ងៃឡើយ។

សូមបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ​ និងឃាត់ដើម្បីធ្វើការផាកពិន័យ​ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាន​នេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន​ ដើម្បីប្រើប្រាស់ម៉ាស៊ីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ​៕