ស្នងការនគរបាលខេត្តកែបប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០% រយៈពេល៦ខែ ជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តកែប ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែបនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស (ហាសិបភាគរយ) ក្នុងមួយខែរយៈពេល០៦ខែ ក្នុងឆ្នាំ២០២១ ដោយគិតចាប់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការប្រកាសបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕