រដ្ឋបាលខេត្តក្រចេះប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តរដ្ឋបាលរាម (ហៅវត្តប៉ាឆា) ក្នុងក្រុងក្រចេះ

ខេត្តក្រចេះ ៖ នារាត្រីថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំជូត ទោសក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃព្រហសត្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះបានអញ្ជើញប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តរដ្ឋបាលរាម (ហៅវត្តប៉ាឆា) ស្ថិតក្នុងក្រុងក្រចេះ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្ត ស្រេង សុភាព គណៈអភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម គាង អ៊ាង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ រួមនិងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមនិង លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយនិងព្រះសង្ឃ ប្អូនៗសិស្សានុសិស្សយ៉ាងកុះករ។

ក្នុងពីធីនេះផងដែរ ឯកឧត្តម ស្រេង សុភាព គណៈអភិបាលរងក៏បានឡើងសំណេះសំណាល និងអានពីប្រវត្តិនៃបុណ្យមាឃបូជា ដែលជាបុណ្យធំមួយក្នុងចំណោមនៃបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរយើងទូទៅតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំទៅតាមគន្លងនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តមមានប្រសាសន៍បន្តថា ដោយសារប្រទេសយើងមានសុខមានសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធិចក្រ និងអាណាចក្រ ក្រោមការដឹកដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកប្រទេសឲ្យស្មើមុខ ស្មើមាត់ និងល្បីល្បាញលើឆាកអន្តរជាតិរហូតមកតាមដំណាក់កាលមកដល់បច្ចុប្បន្ន ក្រោមនយោបាយឈ្នះឈ្នះ (មានសន្តិភាព និងការបង្រួបបង្រួមជាតិទើបមានការអភិវឌ្ឍន៏)។

សូមបញ្ជាក់ផងដែរថា មុនចាប់ផ្តើមកម្មវិធីក៏មានការដង្ហែក្បួនចូលពីវត្តផ្សេងៗ មកចូលរួមក្នុងពីធីនេះផងដែរ៕