ឯកឧត្តម វ៉ា ថន អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំដំរីផុង ស្រុកឆ្លូង

ខេត្តក្រចេះ ៖ នាថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅស្រុកឆ្លូងមានរៀបពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំដំរីផុង ស្រុកឆ្លូង ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណបក្ស អាជ្ញាធរ និងមន្រ្តីគ្រប់ថានានុក្រមរបស់គណបក្សនៅមូលដ្ឋានជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម វ៉ា ថន ប្រធានគណកម្មាធិការបក្សខេត្តបានជំរុញដល់សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវអនុវត្តន៍ការងារបំរើប្រជាពលរដ្ឋដោយមិនរើសអើង និងបន្តខិតខំផ្តល់សេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមានភាពទទួលខុសត្រូវខ្ពស់ ចេះបត់បែនតាមសភាពជាក់ស្តែង ហើយចេះអប់រំពួកគាត់ឲ្យចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យកាន់តែល្អប្រសើរឡើងដើម្បីភាពសុខដុមរម្យនារបស់ជាពលរដ្ឋយើង។

ជាមួយគ្នានោះ ត្រូវចូលរួមផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា និងបានផុលផុសដូចជាការផ្តល់សៀវភៅគ្រួសារ សំបុត្រ អាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងផ្តល់ព័ត៌មានផ្សេងៗ។ល។ និងរួមគ្នាកសាងសមិទ្ធផលថ្មីៗសម្រាប់សង្គមបន្ថែមទៀតដើម្បីបំរើទស្សនៈរបស់ប្រជាពលរដ្ឋឲ្យមានភាពជឿជាក់លើគណបក្ស និងរាជរដ្ឋាភិបាល។ លើសពីនេះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សបានណែនាំដល់សមាជិក សមាជិកាគណបក្សនៅមូលដ្ឋាន បន្តយន្តការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងពង្រឹងសមត្ថភាពការងារឲ្យមានគុណភាព ប្រសិទ្ធភាព និងពង្រឹងសន្តិសុខសណ្តាប់សាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានភាពសុខសាន្ត រស់នៅក្រោមដំបូលសន្តិភាពតែមួយ៕