មេដឹកនាំយោធាមីយ៉ាន់ម៉ាថ្លែងសុន្ទរកថាថ្នាក់ជាតិលើកដំបូងចាប់តាំងពីរដ្ឋប្រហារ ដោយប្តេជ្ញារៀបចំការបោះឆ្នោតដោយសេរី

រ៉ង់ហ្គន ៖ មេដឹកនាំរបបយោធាប្រទេសមីយ៉ាន់ម៉ានៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១ បានអំពាវនាវដល់សាធារណជនឱ្យផ្តល់អាទិភាពដល់អង្គហេតុជាជាងអារម្មណ៍ ហើយបាននិយាយថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងដោយសេរីនៅពេលឆាប់ៗនេះ និងផ្តល់អំណាចដល់គណបក្សដែលឈ្នះ ខណៈការតវ៉ាប្រឆាំងរដ្ឋប្រហារបានកើតឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានេះ ខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីសមរម្យនឹងត្រូវបានជ្រើសរើស ហើយគោលនយោបាយការបរទេស និងនៅតែមិនផ្លាស់ប្តូរ ខណៈដែលប្រទេសនានានឹងត្រូវបានលើកទឹកចិត្តឲ្យមកវិនិយោគ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល។

ជាមួយគ្នានោះ លោកបានបញ្ជាក់ជាថ្មីថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានគេមើលរំលង ហើយលោកគូសបញ្ជាក់ថា គ្មានអង្គការណាមួយ អាចនៅខាងលើច្បាប់ឡើយ។ ទោះជាយ៉ាងណា លោកមិនបានរំលឹកអំពីលោកស្រីអ៊ុងសាន ស៊ូជី ទេ។

សូមជម្រាបថា នៅថ្ងៃចន្ទម្សិលមិញប្រជាជនមីយ៉ាន់ម៉ា បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ នៃប្រទេសមីយ៉ាន់ម៉ា ជាមួយការទទូច និងទាមទារឲ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទន្ទឹមនោះ ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យមនុស្សចូលរួមធ្វើបាតុកម្មតវ៉ាកានើតែច្រើនបន្ថែមទៀត បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានចូលរួមបាតុកម្មនៅចុងសប្តាហ៍ប្រឆាំងនឹងរដ្ឋប្រហារ។

ឆ្លើយតបនឹងស្ថានការណ៍នេះ យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតាមទីក្រុងធំៗរបស់ខ្លួន។ ច្បាប់នេះនឹងគ្របដណ្តប់លើក្រុងចំនួន ៧ នៃទីក្រុងម៉ាន់ដាឡេ ដោយហាមឃាត់មិនឲ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានគ្នាលើសពី ៥នាក់៕