លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ កាលពីម្សិលមិញបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការដៃគូនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពី២៥រាជធានី ខេត្ត ក្រុង តំណាងដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ចូលរួមប្រមាណ២០០នាក់ផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ការអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ ២០១៩ គឺត្រូវបានអនុវត្តនៅក្នុងអំទ្បុងពេល៥ឆ្នាំម្តង បន្ទាប់ពីជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើទ្បើងនៅឆ្នាំ២០១៣ ដោយបានអនុលោមតាមច្បាប់ស្តីពីស្ថិតិ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ នូវទិន្នន័យជំរឿនគោលដើម្បីចងក្រងស្ថិតិសេដ្ឋកិច្ច(កសិកម្ម) ត្រឹមត្រូវគួរទុកចិត្តបានដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកធ្វើគោលនយោបាយអភិវឌ្ឈន៍សេដ្ឋកិច្ច និងគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហគមន៍ជាតិ និងអន្តរជាតិសម្រាប់ប្រើប្រាស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពនៃអង្កេតចន្លោះជំរឿកកសិកម្មកម្ពុជាឆ្នាំ២០១៩ និងការអង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមវិភាជថវិកាបដិភាគ ចំនួន២០ភាគរយ នៅក្នុងឆ្នាំទី១ (ដំបូង) ដែលមានចំនួន ២៦៦.០០០ ដុល្លារអាមេរិក ហើយនឹងមានការកើនទ្បើងជាលំដាប់សម្រាប់ការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់។ ដោយទ្បែកសម្រាប់ដៃគូអភិវឌ្ឍន៍ គឺមានវិភាជថវិកាចូលរួម ៨០ភាគរយ នៅក្នុងឆ្នាំទី១ (ដំបូង) ហើយនឹងត្រូវបានបន្ថយជាលំដាប់សម្រាប់ការអនុវត្តនៅឆ្នាំជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២២។ ក្នុងដំណើការអនុវត្តគម្រោងអង្កេតចន្លោះជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០១៩ និងគម្រោង អង្កេតកសិកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ គឺត្រូវបានផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការស្បៀងនិងកសិកម្ម(FAO)នៃសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត តាមរយៈកិច្ចព្រមព្រៀងចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ចំពោះរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ គឺជាសមិទ្ធិផលស្ថិតិទិន្នន័យថ្មីមួយទៀតក្នុងវិស័យកសិកម្ម ដែលនាំឱ្យមានទិន្នន័យកាន់តែសំបូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសមានសូចនាករគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ (SDGs) ក្នុងវិស័យកសិកម្មដែល មានគោលដៅសំខាន់ៗគឺ ៖ គោលដៅទី១៖ បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង។ គោលដៅទី២៖ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរទ្បើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។ គោលដៅទី៥៖សម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងបុរស និងគោលដៅទី៦៖ ធានាឱ្យមានទឹកនិងអនាម័យ និងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា ផ្អែកតាមលទ្ធផលទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញអំពីនិន្នាការនៃស្ថានភាពគ្រួសារធ្វើសកម្មភាពប្រកបមុខរបរក្នុងវិស័យកសិកម្មមាន៧២ ភាគរយ នៅឆ្នាំ២០១៩ នៅខណដែលមានគ្រួសារប្រកបមុខរបរកសិកម្មមាន ៨៥ ភាគរយ នៅឆ្នាំ២០១៣ (របាយការណ៍លទ្ធផលនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៣) ដែលបានរួមចំណែកជម្រុញកំណើនតម្លៃបន្ថែមនៃផលិតកម្មក្នុងស្រុកសរុប(ផសស ឬ GDP) នៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនទ្បើង ៤ភាគរយ នៅឆ្នាំ២០១៩ គិតតាមថ្លៃបច្ចុប្បន្ន។ចំនួនគ្រួសារកាន់កាប់កសិកម្ម(ប្រកបមុខរបរកសិកម្ម)មានជាង ១,៧ លាន គ្រួសារ ដែលក្នុងនោះមានគ្រួសារធ្វើកសិកម្មសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារមានជាង ៦១ ភាគរយ និងមានគ្រួសារធ្វើកសិកម្មសម្រាប់លក់លើទីផ្សារមានប្រមាណ ៣៩ភាគរយ។ ចំនួនគ្រួសារកសិកម្ម មានម្ចាស់កម្មសិទ្ធិក្បាលដីកសិកម្មមាន ៩៨ភាគរយ ខណៈគ្រួសារដែលបានចុះបញ្ជីក្បាលដីកសិកម្មមានប្រមាណតែ ១៩ ភាគរយនៃគ្រួសារប្រកបមុខរបរកសិកម្មសរុប។ គ្រួសារមានសកម្មភាពដាំដុះដំណាំ ៨៨ ភាគរយ គ្រួសារកសិកម្មបានចិញ្ចឹមបសុសត្វ និង/ឬ បសុបក្សីមានជាង ៧៥ ភាគរយ គ្រួសារដែលចូលរួមក្នុងសកម្មភាពវារីវប្បកម្ម និង/ឬ នេសាទ មានជាង ១៥ ភាគរយ និងគ្រួសារចូលរួមក្នុងសកម្មភាពវិស័យព្រៃឈើ (អនុផលព្រៃឈើ) មាន ១១ ភាគរយ នៃគ្រួសារប្រកបមុខរបរកសិកម្មសរុប។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងក្នុងការអនុវត្តការងារអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ និងការអង្កេតកសិកម្មប្រចាំឆ្នាំ ពីសំណាក់អង្គការស្បៀងនិងកសិកម្ម(FAO)នៃសហប្រជាជាតិ មូលនិធិម៊ីលីដាបៀលហ្គេត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឈន៍(USAID) និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្រោមកិច្ចសហប្រតិបត្តិការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ក្នុងការអនុវត្តសកម្មភាពការងារអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ ឱ្យសម្រេចលទ្ធផលជោគជ័យដែលទទួលបានទិន្នន័យប្រកបដោយគុណភាពល្អ ដូចមានបង្ហាញជូនក្នុងរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ដែលបានចែកផ្សព្វផ្សាយនាពេលនេះ៕